Integrity Legal - Law Firm in Bangkok | Bangkok Lawyer | Legal Services Thailand Back to
Integrity Legal

Legal.co.th - Resources 

Research & gain insights into Thai, American, and International Law.

 

Contact us: +66 2-266 3698

info@integrity-legal.com

ResourcesVisa & Immigration LawUS Immigration Lawការរឹតបន្តឹងសំរាប់ពលរដ្ឋខ្មែរ ក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសដែលមានអាយុលើសពី ៥០ឆ្នាំ

ការរឹតបន្តឹងសំរាប់ពលរដ្ឋខ្មែរ ក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសដែលមានអាយុលើសពី ៥០ឆ្នាំ

See translation of the above video below, for original English transcript please see: Marrying a Cambodian.

ក្នុង​កំឡុង​ពេល​ពីរ​ បី​សប្ដាហ៍​កន្លង​ទៅ​នេះ យើង​បាន​ទទួល​សំនួរ​ជា​ច្រើន​ពី​សំណាក់​​បង​ប្អូន ​ដែល​ចង់​ដឹង​អំពី​ពត៌មាន​ទាក់​ទង​នឹង​ការ​រៀប​អាពាហ៍ពិពាហ៍ ឬ​ ទិដ្ឋាការ ឬ ជម្រើស​ទិដ្ឋាការ​ផ្សេងៗ​ សំរាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ។ ​ប្រទេស​ថៃ​ជាប់​ព្រំដែន​ជាមួយ​​ប្រទេស​កម្ពុជា ហើយ​យើង​បាន​រត់ការ​អោយ​ករណីទាំង​នោះ​ជាច្រើនដែរ ប៉ុន្តែ​​​វីដេអូ​របស់​ខ្ញុំ​មិនដែល​​បាន​ផ្ដោត​ជា​ពិសេស​ទៅ​លើ​ករណីប្រទេស​កម្ពុជាសោះ ។ ដូច្នេះហើយ​ ទើប​ខ្ញុំ​មាន​អារម្មណ៍​ថា វា​គឺ​ជា​​ឱកាស​ដ៏ល្អ​មួយ​ ដែល​ខ្ញុំ​គួរ​តែ​ថត​វីដេអូ​ខ្លះៗ ដើម្បី​ផ្ដល់​ជា​ពត៌មាន​ដល់​អ្នក​ដែល​ចង់​ភ្ជាប់​ពាក្យ ឬ​រៀបការ​ជាមួយ​​ពលរដ្ឋ​ខ្មែរ ។

​​ចំណង​ជើង​របស់​វីដេអូ​នេះអាច​អោយ​អ្នក​ដឹង​ហើយ​ថា យើង​នឹង​ពិភាក្សា​ជា​ពិសេសអំពីបញ្ហានៃ​ការ​រៀបអាពាហ៍ពិពាហ៍ ជាពិសេស​សំរាប់​អ្នក​ដែល​ចង់​រៀបការ​ជាមួយ​ជនបរទេស ដែល​មាន​អាយុ​លើស​ពី​ ៥០ឆ្នាំ ។

ខ្ញុំ​ដឹង​អំពី​ករណី​នេះ ដោយ​សារ​វា​ជា​រឿង​ដែល​គេ​និយាយ​​តៗគ្នា​ ហើយខ្ញុំ​ធ្លាប់​ទៅ​ប្រទេស​កម្ពុជា និង​បាន​សួរ​ប្រភពពត៌មាន​​ជាច្រើន ។ ​ខ្ញុំ​ដឹង​ថា កាល​ពី​មុន មិន​មាន​ការ​រឹត​បន្តឹង​លើ​​អ្នក​ដែល​មាន​អាយុ​លើស​៥០ឆ្នាំ​នោះទេ ។​ ប៉ុន្តែការ​រឹត​បន្ដឹង​​នេះ​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​សារ​តែ​បញ្ហា​ ដែល​គេ​ហៅ​ថា កូន​ក្រមុំ​ដែល​គេកុម៉្មង់​បាន​ ឬ​ដោយ​សារករណីរៀបការ​តាម​​សំបុត្រ​ឆ្លើយ​ឆ្លង ដែល​បណ្ដាល​អោយ​មាន​ផលប៉ះពាល់​អវិជ្ជមានទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ ជា​ពិសេស​នារី​ដែល​រៀប​ការ​ជាមួយ​​បុរស​នៅ​ក្រៅប្រទេស​​ដែលមាន​វ័យ​ចំណាស់​ជាង​ខ្លួន​ខ្លាំង​ ។ ដូច​ខ្ញុំ​បាន​និយាយ​មុន​នេះ​អញ្ចឹង ទាំង​នេះ​សុទ្ធ​តែ​ជា​រឿង​ដែល​គេ​ និយាយ​តគ្នា ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា នារី​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន ហើយ​ដោយ​សារ​​ករណី​ទាំង​នោះ​ហើយ ទើប​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​បទ​បញ្ជា​ពាក់ព័ន្ធ​នឹង​ការ​រៀប​អាពាហ៍​​ពិពាហ៍​ជាមួយ​នឹង​ជន​ដែល​មាន​អាយុ​លើស​៥០ឆ្នាំ ដើម្បី​រារាំង​មិន​អោយ​ការ​រៀបការ​នោះ​អាច​​កើតឡើង​បាន​ដោយ​ស្របច្បាប់​ ។

បើ​តាម​ខ្ញុំ​ដឹង មាន​ករណី​លើក​លែង​មួយ​ចំនួន​ទៅ​តាម​ស្ថាន​ភាព​ផ្សេងៗគ្នា ប៉ុន្តែ​ជាទូទៅ វា​អាច​ជា​បញ្ហាចោទសំរាប់ពលរដ្ឋ​​អាមេរិកាំង​ដែលមាន​អាយុ​លើស​ពី​៥០ឆ្នាំ ហើយ​​ចង់​រៀប​អាពាហ៍ពិពាហ៍ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ឬ​​រៀប​អាពាហ៍​ពិពាហ៍នៅក្នុង​​ប្រទេស​កម្ពុជា ។ ករណី​នេះក៏​​អាច​ជា​បញ្ហា​ចោទ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​​នៃ​ប្រទេសទី៣ផង​ដែរ ឧទាហរណ៍​ដូច​ជាប្រទេស​ថៃ​ជា​ដើម ពីព្រោះ​ក្នុង​ដែន​សមត្ថកិច្ច​មួយ​ចំនួន​ ជាពិសេស​ដែន​សមត្ថកិច្ច​ដែល​ប្រើ​ច្បាប់​រដ្ឋប្បវេណី ដែល​ក្នុង​ករណី​នេះ​យើង​និយាយ​អំពី​ភាគីខ្មែរ​ដែល​ចង់​រៀប​អាពាហ៍ពិពាហ៍ ត្រូវ​មាន​ឯកសារ​បញ្ជាក់​ពី​ភាព​នៅ​លីវ ដើម្បី​អោយ​មាន​សិទ្ធិ​អាច​រៀបការ​បាន ។ ខ្ញុំ​ដឹង​ថា​អជ្ញាធរ​កម្ពុជា អាច​ធ្វើ​អោយ​មាន​ការ​លំបាកដល់​​អ្នក​ដែល​នឹង​រៀប​ការ​ជាមួយ​អ្នក​ដែល​មាន​អាយុ​លើស​ពី៥០ឆ្នាំ​ ​ក្នុង​ការ​ទទួល​បាន​ឯកសារ​បញ្ជាក់​ពី​ភាព​នៅ​លីវ ព្រោះ​ពួក​គេ​មិន​មានសេរី​ភាព​ក្នុង​ការ​រៀប​ការ​ជាមួយ​អ្នក​ដែល​មាន​អាយុ​លើស​ពី ៥០ឆ្នាំ​ក្នុង​ដែន​សមត្ថកិច្ច​នៃ​ប្រទេស​កម្ពុជាឡើយ ។​

អញ្ចឹង ចំណុច​សំខាន់​នៅ​ក្នុង​វីដេអូនេះ​គឺ​ថា មានការរឹត​បន្តឹង​មួយ​ចំនួន ឬ​ខ្ញុំ​គួរ​តែ​និយាយ​ថា មាន​ការ​រឹត​បន្ដឹង​​ដ៏តឹង​រឹង​មួយ​ចំនួន សំរាប់អ្នក​ដែល​មាន​ដៃ​គូ​អាយុ​លើស​ពី​៥០ឆ្នាំ ជា​ពិសេស​នៅ​ពេល​ដែលភាគី​ម្ខាង​ជា​ជន​បរទេស​ដែល​មាន​អាយុ​លើស​ពី៥០​ឆ្នាំ ។ រឿង​នេះ​មិន​មែន​ជា​បញ្ហា​គម្លាត​អាយុ​នោះ​ទេ ។ វា​មិន​មែន​ជា​បញ្ហានោះ​ទេ ​ប្រសិន​បើ​ភាគី​ម្ខាង​មាន​អាយុ ៤៩ឆ្នាំ​ ហើយ​ម្ខាង​ទៀត​មាន​អាយុ ៥០ឆ្នាំ​នោះ ប៉ុន្តែ​បញ្ហាគឺនៅ​ពេល​ដែល​ភាគី​ម្ខាងជា​ជន​បរទេស មានអាយុ​លើ​ស​ពី​៥០ឆ្នាំ ។

ដូចច្នេះ ដូច​​ដែល​ខ្ញុំ​បាន​និយាយក្នុង​វីដេអូ​នេះហើយ​ ការ​រៀប​ការ​នៅ​លើ​ដែន​សមត្ថកិច្ច​​នៃ​ប្រទេស​ទី៣ អាច​ធ្វើ​ទៅ​បាន អាស្រ័យ​ទៅ​លើ​ស្ថាន​ភាព​ជាក់​ស្ដែងផ្សេងៗគ្នា ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យល់​ល្អគួរ​តែ​ទាក់​ទង​អ្នក​ជំនាញ​ខាង​ផ្លូវ​ច្បាប់​​ ដើម្បី​ទទួល​បាន​ពត៌មាន​បន្ថែមអំពី​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​រត់​ការការ​រៀបការ​​ជាមួយ​ពលរដ្ឋ​​ខ្មែរ ជាពិសេស​​អំពីជំរើស​ផ្សេងៗ​ទៀត​សំរាប់​អ្នក​ដែល​ចង់​ដាក់​ពាក្យ​ធានា​គូដណ្ដឹង​ ឬ​សហព័ទ្ធ​របស់​ខ្លួន​ទៅ​កាន់​សហរដ្ឋ​អាមេរិក ។